បរទេស៖ ក្រសួងការបរទេសតួកគី បាននិយាយនៅថ្ងៃចន្ទថា មន្ត្រីរបស់ប្រទេសតួកគីនិងរុស្ស៊ី នឹងជួបពិភាក្សាគ្នា នៅក្នុងទីក្រុងអង់ការ៉ា នាសប្ដាហ៍នេះ ស្តីពីការវិវត្តនានានៅក្នុងប្រទេសស៊ីរីនិងប្រទេសលីប៊ី ជាទីដែលប្រទេសទាំងពីរ ធ្វើការគាំទ្រដល់ភាគីផ្សេងគ្នា។
តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសតួកគី បាននិយាយប្រាប់យ៉ាងដូច្នេះថា “កិច្ចពិភាក្សាគ្នារវាងគណៈប្រតិភូ អន្តរកម្មរបស់តួកគីនិងរុស្ស៊ី ស្តីពីបញ្ហាប្រទេសលីប៊ីនិងស៊ីរីនោះ នឹងបន្តប្រព្រឹត្តទៅនៅ កម្រិតបច្ចេកទេស ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងទីក្រុងអង់ការ៉ា”។
គួរបញ្ជាក់ថា ទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ គឺជាអ្នកសម្រុះសម្រួលអំណាច ដ៏ចម្បងក្នុងសង្គ្រាមលីប៊ី និងបានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នានានា ស្តីពីបទឈប់បាញ់គ្នារយៈពេលយូរអង្វែងនិងដំណោះស្រាយ នយោបាយ។ ប្រទេសរុស្ស៊ីគាំទ្រកងកម្លាំងមានមូលដ្ឋាននៅភាគខាងកើតរបស់លោក Khalifa Haftar ចំណែកតួកគីបានជួយដល់រដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ ដែលអន្តរជាតិទទួលស្គាល់ ទប់ទល់ការវាយលុកពីកងកម្លាំងលោក Khalifa Haftar ៕ប្រែសម្រួល៖ប៉ាង កុង