អាហ្វហ្គាស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា លោកអភិបាលស្រុក Nasrudin Nazari Saadi បានថ្លែងថា ក្រុមសកម្មប្រយុទ្ធចំនួន៥ និងកងសន្តិសុខជំនាញចំនួន ៩នាក់ ត្រូវបានគេបញ្ជាក់ថាបាត់បង់ជីវិត ខណៈដែលប៉ះទង្គិចគ្នានៅស្រុក Dasht-e-Archi ភាគខាងជើងខេត្ត Kunduz របស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃពុធនេះ ។
ប៉ះទង្គិចគ្នា បន្ទាប់ពីក្រុមបះបោរតាលីបង់ បានបើកការវាយប្រហារមកលើទីតំាងត្រួតពិនិត្យ នៅក្នុងស្រុក ដើម្បីដណ្តើមយកទីតាំង ប៉ុន្តែក្រុមប៉ូលិស បានធ្វើការបាញ់តបតវិញ ដែលនេះជាការវាយប្រហារគ្នាដ៏អាក្រក់បំផុត ដែលភាគីទំាងសង្ខាងបានបាញ់ប្រហារគ្នាអស់ជាច្រើនម៉ោង និងបន្សល់នូវអ្នកស្លាប់ចំនួន១៤នាក់ ក្នុងនោះរាប់ទំាងក្រុម សកម្មប្រយុទ្ធចំនួន០៥នាក់ និងកងសន្តិសុខជំនាញចំនួន០៩នាក់ នៅទីតាំងកើតហេតុ ។
មន្ត្រីបានបន្ថែមថា មនុស្សចំនួន០៩នាក់ ក្នុងនោះរាប់ទំាងជនស៊ីវិលចំនួន០២នាក់ផងដែរ ហើយ០៥នាក់ជាក្រុមបះបោរ និង០២នាក់ជាប៉ូលិស បានរងរបួស ។
ក្រុមសកម្មប្រយុទ្ធតាលីបង់ មិនទាន់បានធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា