ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្រ្តីថៃ៖ រដ្ឋាភិបាល បានត្រៀមរួចរាល់ សម្រាប់ក្រុមបាតុករ ដែលនឹងសម្រុកចូលក្រុង ធ្វើបាតុកម្ម

បរទេស៖ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃ បាននិយាយ នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលបានត្រៀមរួចហើយ ដើម្បីដោះស្រាយ រឿងក្រុមបាតុករ ដែលកំពុងហូរហៀរចេញ ពីខេត្តផ្សេងៗដើម្បីមកចូលរួម បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ដែលបានគ្រោងទុក ដោយនិស្សិតនិងអ្នកគាំទ្រ នៅថ្ងៃសៅរ៍នៅបរិវេណ Tha Phrachan នៃសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Prawit Wongsuwon បាននិយាយថា ភ្នាក់ងារស៊ើបការណ៍បានប្រាប់លោក ពីចំនួនអ្នកតវ៉ា ដែលនឹងមកហើយ មកពីតាមបណ្តាខេត្ត។

លោកថា “ អ្នកអាចប្រាកដថា យើងអាចដោះស្រាយស្ថានការណ៍បាន” ។

នៅពេលសួរថា តើការត្រួតពិនិត្យអាវុធ យ៉ាងតឹងរឹងនឹងត្រូវធ្វើឡើងក្នុងអំឡុងពេលនេះ ដែរឬទេ? ឧត្តមសេនីយ៍ Prawit បាននិយាយថា អាជ្ញាធរកំពុងបំពេញការងារ របស់ពួកគេហើយ។

នៅលើរបាយការណ៍ដែលថា ក្រុមអ្នកតវ៉ា នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទីលាន Sanam Luang , ឧត្តមសេនីយ៍ Prawit បាននិយាយថា អ្វីៗទាំងអស់ ត្រូវតែស្ថិតនៅក្រោម ក្របខ័ណ្ឌនៃច្បាប់ ដើម្បីធ្វើដូចនេះ ក្រុមអ្នកតវ៉ា ត្រូវមានការអនុញ្ញាតជាផ្លូវការ។

នៅពេលសួរថាតើក្រុមអ្នកតវ៉ា នឹងត្រូវបានអនុញ្ញាត ឱ្យចូលទៅក្នុងវិមានរដ្ឋាភិបាលដែរឬទេ? លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ផែនការត្រូវបានអនុវត្ត ដើម្បីទប់ទល់នឹងការវិវត្តណាមួយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top