ព័ត៌មានអន្តរជាតិ

ចិនបដិសេធ ការផ្សាយរបស់ Times of India ថា យោធាខ្លួនលួចបង្កើត ប្រព័ន្ធ 5G នៅបណ្តោយព្រំដែន តំបន់ Ladakh

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍កាល ពីខែសីហាថា ប្រទេសចិន បានលួចលាក់ បង្កើតបណ្តាញ 5G តាមបណ្តោយបន្ទាត់ នៃការត្រួតពិនិត្យជាក់ស្តែងនៅ Ladakh ។ របាយការណ៍នេះកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនខែ កន្លងមកនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិន បានច្រានចោល សេចក្តីរាយការណ៍ ដោយចោទប្រកាន់ថា កងទ័ពរបស់ខ្លួន បានដាក់ខ្សែកាបអុបទិក នៅតាមឯខ្សែព្រំដែន នៃការត្រួតពិនិត្យជាក់ស្តែង ដោយសង្កត់ធ្ងន់ថា របាយការណ៍ព័ត៌មាន ដែលពាក់ព័ន្ ធគឺមិនពិតនោះទេ។

អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin បានអំពាវនាវ ឱ្យរដ្ឋាភិបាលទីក្រុងញូវដែលី ខិតខំប្រឹងប្រែង ខ្លាំង ដើម្បីធ្វើឱ្យប្រសើរឡើង នូវស្ថានភាពនៅនឹងកន្លែង ដោយបន្ថែមថា ប្រទេសទាំងពីរ នឹងរក្សាទំនាក់ទំនង តាមរយៈបណ្តាញការទូតនិងយោធា។

សូមជម្រាបថា កាសែត Times of India បានរាយការណ៍ កាលពីចុងខែសីហា ដោយដកស្រង់ប្រភពព័ត៌មាន ស៊ើបការណ៍សម្ងាត់ថា កងទ័ពរំដោះប្រជាជនចិន (PLA) បាននិងកំពុងរៀបចំ បន្ទាយទាហាន និងរចនាសម្ព័ន្ធផ្សេងទៀត រួមទាំងបណ្តាញទំនាក់ទំនង ដែលមានសរសៃអុបទិក នៅចំណុចមួយតាមបណ្តោយ LoAC នៅតំបន់ ជ្រលង Galvan Valley៕
ប្រែសម្រួលៈ ណៃ តុលា

To Top