បរទេស ៖ កងកម្លាំងទ័ពអាកាស របស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ បានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់ ជាលើកទីពីរ ដោយសារតែយន្តហោះចិនជាច្រើនគ្រឿង បានហោះចូលមកជិត កោះតៃវ៉ាន់ និងបានឆ្លងបន្ទាត់កណ្ដាល ច្រកសមុទ្រតៃវ៉ាន់ ទន្ទឹមនឹងរដ្ឋាភិបាលកោះនេះ បានជំរុញទីក្រុងប៉េកាំងឲ្យដកថយវិញ។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចិនចំនួន១៩គ្រឿង បានចូលរួមក្នុងព្រឹត្តិការណ៍លើកនេះ ដោយខ្លះបានឆ្លងបន្ទាត់ កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ហើយគ្រឿងដទៃទៀត បានហោះហើរចូល ក្នុងតំបន់កំណត់ការពារដែន អាកាសរបស់តៃវ៉ាន់ នៅក្បែរតំបន់ឆ្នេរភាគនិរតី។
ក្រសួងតៃវ៉ាន់បានបញ្ជាក់ថា ប្រទេសចិនដែលអះអាងកម្មសិទ្ធិ លើកោះតៃវ៉ាន់ថា ជាទឺកដីរបស់ខ្លួននោះ បានបញ្ជូនយន្តហោះចម្បាំង J-16 ចំនួន១២គ្រឿង យន្តហោះចម្បាំង J-10 ចំនួន២គ្រឿង យន្តហោះចម្បាំង J-11 ចំនួន២គ្រឿង យន្តហោះទម្លាក់គ្រាប់ H-6 ចំនួន២គ្រឿង និងយន្តហោះប្រឆំាងនាវាមុជទឹក Y-8 ចំនួន១គ្រឿង៕
ប្រែសម្រួល៖ប៉ាង កុង