ព័ត៌មានអន្តរជាតិ

អង់គ្លេស បារាំង និងអាល្លឺម៉ង់ និយាយថា ការបន្ធូរបន្ថយទណ្ឌកម្ម យូអិន លើអ៊ីរ៉ង់ នឹងនៅតែបន្ត រហូតផុតថ្ងៃទី២០ ខែកញ្ញា

បរទេស៖ ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ បាននិយាយប្រាប់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ការបន្ធូរបន្ថយទណ្ឌកម្ម អង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉អ់ ដែលព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥នោះ នឹងនៅតែបន្តរហូតផុតថ្ងៃទី២០ ខែកញ្ញា ស្របពេលដែលសហរដ្ឋអាមេរិក អះអាងថា ទណ្ឌកម្មទាំងអស់គួរតែដាក់ឡើងវិញ។

នៅក្នុងលិខិតមួយ ឲ្យទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិមួយ ភាគីអឺរ៉ុបទាំង៣ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងជាសម្ពន្ធមិត្ត ជាយូរមកហើយរបស់អាមេរិកនោះ បាននិយាយថា ការសម្រេចចិត្ត ឬក៏ចំណាត់ការណាមួយ ដែលធ្វើឡើង ដើម្បីដាក់ទណ្ឌកម្ម អង្គការសហប្រជាជាតិជាថ្មី នឹងមិនអាចមានប្រសិទ្ធភាព តាមផ្លូវច្បាប់នោះទេ។

ផ្ទាំងពាណិជ្ជកម្ម

ប្រេសិតប្រចាំ នៅអង្គការសហប្រជាជាតិ របស់ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ បាននិយាយយ៉ាងដូច្នេះថា “យើងបានធ្វើការងារ ដោយមិនខ្លាចហត់នឿយ ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងនៅតែបន្តប្តេជ្ញាធ្វើយ៉ាងដូច្នោះ” និងបានបន្ថែមទៀតថា ពួកគេនៅតែប្តេជ្ញា អនុវត្តយ៉ាងពេញលេញ នូវសេចក្តីសម្រេច ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិឆ្នាំ២០១៥ ដែលបានចែងពីកិច្ចព្រមព្រៀង ដែលរួមមាន ទាំងប្រទេសចិននិងរុស្ស៊ីផង៕ ប្រែសម្រួល៖ប៉ាង កុង

To Top