ព័ត៌មានអន្តរជាតិ

ចិនគម្រាមសងសឹក ចំពោះបម្រាមលោក ត្រាំ លើកម្មវិធី WeChat និង TikTok

បរទេស៖ រដ្ឋាភិបាលចិន នៅពេលថ្មីៗនេះ បានគម្រាមដាក់ទណ្ឌកម្មសងសឹកវិញ បន្ទាប់ពីមានបម្រាម របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកម្មវិធី WeChat និង TikTok នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បាននិយាយថា ក្រុមហ៊ុននានា ស្ថិតនៅលើបញ្ជី អង្គភាពមិនគួរទុកចិត្ត ដែលខ្លួនបានបង្កើតកាលពីឆ្នាំមិញ បន្ទាប់ពីសហរដ្ឋអាមេរិក រឹតបន្តឹងកាន់តែខ្លាំងឡើង លើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei នោះ នឹងត្រូវហាមមិនឲ្យធ្វើការវិនិយោគ ក្នុងប្រទេសចិន ឬក៏ធ្វើជំនួញជាមួយទីផ្សារចិនឡើយ។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែទោះជារដ្ឋាភិបាល របស់ប្រទេសចិន មិនបានប្រាប់ឈ្មោះអង្គភាពនានា លើបញ្ជីនោះក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google អាចនឹងរងការដាក់ទណ្ឌកម្ម ស្របពេលមានការធ្លាក់ចុះ ចំណងមិត្តភាពរវាងចិន និងសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

To Top