ព័ត៌មានអន្តរជាតិ

តួកគី អាចនឹងបន្តពិភាក្សាគ្នា ជាមួយក្រិក និងព្រមានប្រឆាំង ទណ្ឌកម្មអឺរ៉ុប

បរទេស ៖ មន្ត្រីនាំពាក្យប្រធានាធិបតីតួកគី បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសតួកគី និងប្រទេសក្រិក អាចនឹងបន្តធ្វើកិច្ច ពិភាក្សាគ្នា នាពេលខាងមុខឆាប់ៗនេះ ជុំវិញការអះអាង កម្មសិទ្ធិសមុទ្រ មេឌីទែរ៉ានេដែលមានជម្លោះ ប៉ុន្តែកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបក្នុងសប្ដាហ៍នេះ នឹងមិនជួយអ្វីនោះទេ ប្រសិនបើពួកគេគម្រាម ដាក់ទណ្ឌកម្មនោះ។

លោក Ibrahim Kalin ជាមន្ត្រីនាំពាក្យប្រធានាធិបតីតួកគី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Dogan យ៉ាងដូច្នេះថា “នៅត្រង់ចំណុចនេះ បរិយាកាសបានក្លាយ ជាមានភាពសមស្របខ្លាំងឡើង សម្រាប់ឲ្យកិច្ចចរចាគ្នាចាប់ផ្តើម ហើយការពិភាក្សាស្វែងយល់គ្នា អាចនឹងចាប់ផ្តើមជាថ្មីម្តងទៀត”។

គួរបញ្ជាក់ថា ប្រទេសក្រិកនិងប្រទេសតួកគី ដែលសុទ្ធតែជាសមាជិក អង្គការណាតូនិង ជាប្រទេសជិតខាងគ្នានោះ មានពេលថ្មីៗនេះ បានជាប់ក្នុងជម្លោះកាន់តែខ្លាំងក្លាឡើង ជុំវិញការអះអាងកម្មសិទ្ធិនៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ហើយភាពតានតឹង បានផ្ទុះកម្តៅខ្លាំងឡើង កាលពីខែមុន នៅពេលដែលតួកគីបញ្ជូន នាវាឲ្យទៅអង្កេតរកឧស្ម័ន និងប្រេងនៅក្នុងដែន ទឹកមានជម្លោះនោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top