បរទេស៖ មន្ត្រីស៊ូដង់ តាមសេចក្តីរាយការណ៍ នឹងពិភាក្សាគ្នាអំពីការ ដកប្រទេស ចេញពីបញ្ជីឈ្មោះរដ្ឋគាំទ្រភេរវកម្ម របស់សហរដ្ឋអាមេរិក ជាមួយមន្ត្រីសហរដ្ឋអាមេរិក នៅក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ទៅកាន់សហភាពអារ៉ាប់រួម នៅក្នុងសប្ដាហ៍នេះ។
រដ្ឋាភិបាលអន្តរកាល របស់ប្រទេសស៊ូដង់ ដែលទទួលខុសត្រូវអំណាច ចាប់តាំងពីផ្តួលរំលំលោក Omar al-Bashir កាលពីឆ្នាំមិញ បានធ្វើការជំរុញឲ្យដកប្រទេសខ្លួនចេញពីបញ្ជីឈ្មោះអាេមរិក ដែលរារាំងសមត្ថភាពប្រទេស ស៊ូដង់មិនឲ្យអាចទទួលបានកម្ចីបរទេស ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស៊ូដង់ លោក Nasredeen Abdelbari តាមសេចក្តីរាយការណ៍ នឹងជួបជាមួយមន្ត្រីអាមេរិកដែល មានវត្តមាននៅសហភាពអារ៉ាប់រួម ដើម្បីពិភាក្សាអំពីការដកឈ្មោះប្រទេសស៊ូដង់ ចេញពីបញ្ជីឈ្មោះប្រទេសគាំទ្ រអំពើភេរវកម្ម ការគំាទ្ររយៈពេលអន្តរកាល និងការលុបបំណុល អាមេរិកលើប្រទេសស៊ូដង់៕ ប្រែសម្រួល៖ប៉ាង កុង