បរទេស៖ ព្យុះណូល បានឆក់យកជីវិតមនុស្សយ៉ាងតិច ៦ នាក់ និងបានបណ្តាលឲ្យមនុស្ស ១១២ នាក់ផ្សេងទៀតរងរបួស និងនាំឱ្យដាច់ចរន្តអគ្គិសនីយ៉ាងធំ នៅកណ្តាលប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការគ្រោះមហន្តរាយកណ្តាល ស្តីពីការការពារនិងគ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ បាននិយាយថា តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺខេត្ត Thua Thien-Hue ដែលយ៉ាងហោចណាស់ មានមនុស្ស ៤ នាក់បានស្លាប់។
អ្នកស្លាប់ រាប់បញ្ចូលទាំងគ្រូបង្រៀនអាយុ ៤៩ ឆ្នាំម្នាក់ ដែលត្រូវបានដើមឈើរលំសង្កត់ ខណៈដែលគាត់ កំពុងធ្វើដំណើរ វិលត្រឡប់មកផ្ទះវិញ កាលពីថ្ងៃសុក្រ ក្នុងពេលព្យុះ បានបក់បោក មកលើឆ្នេរសមុទ្រកណ្តាល មុនពេលចុះខ្សោយ ទៅក្នុងតំបន់ត្រូពិក។ បុរសពីរនាក់ផ្សេងទៀត ដែលមានអាយុចន្លោះពី ៣៣ ទៅ ៣៥ ឆ្នាំ បានស្លាប់ ពេលកំពុងជួសជុលផ្ទះ ដែលខូចខាតបន្ទាប់ពីព្យុះ។
កាលពីថ្ងៃសុក្របុរសអាយុ ៤៧ ឆ្នាំម្នាក់ បានស្លាប់ ដោយដើមឈើរលំនៅស្រុក Phong Dien របស់ ខេត្ត Thua Thien-Hue ។ ខេត្ត Ha Tinh និងខេត្ត Quang Binh បានរាយការណ៍ថា មានអ្នកស្លាប់ម្នាក់។
ព្យុះណូល បានចុះខ្សោយ នៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីបានធ្វើ ឱ្យមានការបាក់ដីនៅលើខេត្ត Thua Thien-Hue និង Quang Tri ដោយមានខ្យល់បក់ដល់ល្បឿន ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។
ច្រើនជាង ២៨០.០០០ គ្រួសារនៅទីក្រុង Hue រស់នៅដោយគ្មានអគ្គិសនី ប្រើប្រាស់ចាប់តាំងពីថ្ងៃសុក្រ។ គិតត្រឹមថ្ងៃអាទិត្យ ផ្នែកជាច្រើននៅតែមិនមានថាមពល ហើយដើមឈើជាង ១ ម៉ឺនដើមបានដួលរលំ៕ ប្រែសម្រួលៈ ណៃ តុលា