ព័ត៌មានអន្តរជាតិ

ថៃ៖ DDC កំពុងឃ្លាំមើលយ៉ាងដិតដល់ ទៅលើស្ថានភាពឆ្លងមេរោគ នៅក្នុងប្រទេសមីយ៉ាន់ម៉ា

បរទេស៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធ លើទីក្រុងមីយ៉ាន់ម៉ា ដែលជាប់ព្រំដែនប្រទេសថៃ បន្ទាប់ពីបានដឹងប្រទេសនេះ កាលពីថ្ងៃពុធ បានរាយការណ៍ថា មានករណីឆ្លងថ្មី នៃមេរោគកូវីដ១៩ចំនួន ៥៩២ ករណី។

លោក Suwannachai Wattanayingcharoenchai អគ្គនាយក DDC បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពជំងឺកូរ៉ូណានៅមីយ៉ាន់ម៉ា គឺជាក្តីបារម្ភខ្លាំងមួយ ដូច្នេះប្រតិបត្តិករអាជីវកម្ម គួរតែបញ្ឈប់ការជួលកម្មករបរទេស ជាពិសេសប្រជាជនមីយ៉ាន់ម៉ា ដើម្បីជួយទប់ស្កាត់ការឆ្លងជំងឺ កូវីដ១៩ នៅប្រទេសថៃ។

លោកវេជ្ជបណ្ឌិត Suwannachai បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបានដឹងអំពីចំនួន នៃការឆ្លងថ្មី Covid-19 នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងកាលពីថ្ងៃពុធ ដោយធ្វើឱ្យចំនួនអ្នកឆ្លង Covid-19 សរុបកើនឡើងដល់ ៦.៧៤៣ នាក់។

លោកបាននិយាយថា ការកើនឡើង នៃចំនួនអ្នកជំងឺដែលឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺស្របនឹងនិន្នាការស្រដៀងគ្នា នៅក្នុងប្រទេសឥណ្ឌា ដែលបានឈានដល់ជិត ១០០ ០០០ ករណីថ្មី ក្នុងមួយថ្ងៃ។ បណ្តាប្រទេសមានព្រំដែន ដែលបានជំរុញឱ្យមន្ត្រីសុខាភិបាល និងសន្តិសុខសាធារណៈ ត្រូវតាមដានស្ថានការណ៍ ឱ្យបានដិតដល់។

លោកវេជ្ជបណ្ឌិត Suwannachai បាននិយាយទៀតថា ការឆ្លងមេរោគ Covid-19 នៅតាមបណ្តាប្រទេសជិតខាងរបស់ថៃ មានការព្រួយបារម្ភ ពីព្រោះពួកគេ កំពុងកើនឡើងជាពិសេស នៅក្នុងប្រទេសម៉ាឡេស៊ី ដែលចំនួនអ្នកជំងឺបានកើនឡើងដល់ ១០ ៣៥៨ នាក់កាលពីថ្ងៃពុធ៕ ប្រែសម្រួលៈ ណៃ តុលា

To Top