បរទេស៖ សមាជិកសេវាកម្ម យោធាកូរ៉េខាងជើងចំនួន ៤ នាក់ ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការប៉ុនប៉ង ធ្វើឃាតប្រឆាំងមេដឹកនាំកំពូលកូរ៉េខាងជើង ត្រូវបានគេនិយាយថា ត្រូវបានរកឃើញ ដោយអាជ្ញាធរកូរ៉េខាងត្បូង ខណៈដែលព្យាយាមរត់គេចខ្លួន ទៅកាន់ប្រទេសជប៉ុន តាមទូកនេសាទ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចរួចផុតពីការប៉ុនប៉ងធ្វើឃាត ដោយទាហានរបស់ប្រទេសលោក កាលពីឆ្នាំ ២០១៨ ។ នេះបើតាមឧត្តមនាវី Katsutoshi Kawano អគ្គសេនាធិការ កងទ័ពស្វ័យការពារខ្លួនរបស់ជប៉ុន បានប្រាប់ទស្សនាវដ្តីជប៉ុន Shukan Gendai ។
លោក Kawano បាននិយាយថា ភ្នាក់ងារយោធាកូរ៉េខាងជើង ៤ នាក់ បានអនុវត្តការប៉ុនប៉ងបរាជ័យ ក្នុងការសម្លាប់លោក គីម ជុងអ៊ុន នៅឯរមណីយដ្ឋានឆ្នេរមួយ នៅតំបន់ Wonsan-Kalma ដែលលោកគីម ជុងអ៊ុន ធ្វើដំណើរទៅលេងជាទៀងទាត់។
លោក Kawano ត្រូវបានសារព័ត៌មាន The Sun ស្រង់សម្តីថា “ ការប៉ុនប៉ងរបស់យោធាកូរ៉េខាងជើង ក្នុងការធ្វើឃាតប្រធានាធិបតី គីម ជុងអ៊ុន នៅក្នុងតំបន់ Wonsan-Kalma មិនបានជោគជ័យទេ” ។ នៅថ្ងៃនោះ មានមនុស្សបួននាក់ បានរត់គេចខ្លួន ហើយធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុនតាមសមុទ្រ៕ ប្រែសម្រួលៈ ណៃ តុលា