បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានថ្កោលទោស រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រាប់ការស្នើឲ្យមាន គោលនយោបាយសេដ្ឋកិច្ច ដែលលើកកម្ពស់បរិស្ថាន និងធ្វើឲ្យកាន់តែប្រសើរឡើង នូវចំណងមិត្តភាព ជាមួយទីក្រុងព្យុងយ៉ាង។
អត្ថបទដែលចេញដោយ ទីភ្នាក់ងារផ្សព្វផ្សាយកូរ៉េខាងជើង Arirang Meari បាននិយាយថា កិច្ចព្រមព្រៀងថ្មីកូរ៉េរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន គឺមិនខុសពីសំណើមូលនិធិបៃតង និងមូលនិធិបង្រួបបង្រួមពីមុន របស់រដ្ឋបាលទីក្រុងសេអ៊ូលនោះទេ។ គោលនយោបាយទាំងនោះ គឺត្រូវបានស្នើឡើង ក្នុងអំឡុងអាណត្តិរបស់ អតីតប្រធានាធិបតីលោក Lee Myung-bak និងលោកស្រី Park Geun-hye។
អត្ថបទកូរ៉េខាងជើងនោះបាននិយាយថា “ការផ្សព្វផ្សាយកិច្ចព្រមព្រៀងថ្មីកូរ៉េ របស់អាជ្ញាំធរកូរ៉េខាងត្បូង កំពុងតែបង្កភាពចលាចល ហើយគោលនយោបាយ ដែលរួមបញ្ចូលទាំង កិច្ចព្រមព្រៀងឌីជីថលថ្មី កិច្ចព្រមព្រៀងបៃតងថ្មី និងកិច្ចព្រមព្រៀងមនុស្សជាតិថ្មី គឺមានតម្លៃដលទៅ ៩៨ពាន់លានដុល្លារ ដើម្បីអនុវត្ត ជាមួយការអះអាងថា ពួកគេនឹងបង្កើតការងារចំនួន ១,៩លាននៅត្រឹមឆ្នាំ២០២៥” ៕
ប្រែសម្រួល៖ ប៉ាង កុង