ព័ត៌មានអន្តរជាតិ

លោក Pompeo ព្រមានអ្នកនយោបាយ អាមេរិក ឲ្យប្រុងប្រយ័ត្នឥទ្ធិពល និងចារកម្មចិន

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមានអ្នកនយោបាយ សហរដ្ឋអាមេរិក ស្ថិតក្នុងលំដាប់រដ្ឋនិងតំបន់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះមន្ត្រីការទូតចិន ដែលលោកនិយាយថា អាចនឹងកំពុងតែព្យាយាមអូសទាញពួកគេ ឲ្យជាផ្នែកនៃយុទ្ធនាការឃោសនា និងចារកម្ម របស់ទីក្រុងប៉េកាំង។

ថ្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Mike Pompeo បានមានប្រសាសន៍ថា ក្រសួងការបរទេស កំពុងតែធ្វើការត្រួតពិនិត្យ សកម្មភាពនានា របស់សមាគមមិត្តភាព អាមេរិក-ចិន និងក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ ការបង្រួបបង្រួមដោយសន្តិភាព ជុំវិញការសង្ស័យថា ពួកគេកំពុងតែព្យាយាម ជះឥទ្ធិពលលើសាលា ក្រុមពាណិជ្ជកម្ម និងអ្នកនយោបាយ ក្នុងស្រុករបស់អាមេរិក ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បាននិយាយបន្ថែមទៀតថា ក្រុមទាំងពីរនេះ មានជាប់ទាក់ទងទៅនឹងនាយកដ្ឋាន រណសិរ្សបង្រួបបង្រួម របស់ប្រទេសចិន ដែលជាសរីរាង្គមួយ របស់គណៈកម្មាធិការកណ្ដាល របស់បក្សកុម្មុយនិស្តចិន ៕ ប្រែសម្រួល៖ប៉ាង កុង

To Top