បរទេស ៖ រដ្ឋមន្ត្រីការបរទេសបារាំង នៅថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឲ្យដៃគូអន្តរជាតិបង្កើនសម្ពាធ លើកម្លាំង នយោបាយលីបង់ ដើម្បីឲ្យបង្កើតរដ្ឋាភិបាលមួយ និងបានព្រមានជាថ្មីថា នៅពេលដែលកំណែទម្រង់ កំពុងតែប្រព្រឹត្តទៅនោះ នឹងមានជំនួយផ្នែកហិរញ្ញវត្ថុ ដ៏សំខាន់ចូលមកដល់ ។
លោក Jean-Yves Le Drian បានថ្លែងក្នុងសុន្ទរកថា មួយប្រាប់ដល់សមាជិកក្រុមគាំទ្រ អន្តរជាតិលីបង់ថា “កម្លាំងនយោបាយ នៅតែមិនអាចព្រមព្រៀងគ្នា លើការបង្កើតរដ្ឋាភិបាល។ ដូច្នេះ សម្ពាធដ៏ខ្លាំងក្លារួមគ្នាក្នុងផ្នែករបស់យើង ជាប្រការចំាបាច់ដើម្បីជំរុញមន្ត្រីលីបង់ឲ្យគោរពការប្តេជ្ញារបស់ពួកគេ” ។
គួរបញ្ជាក់ថា អ្នកចូលរួមក្នុងក្រុមគាំទ្រអន្តរជាតិនោះ រួមមានទាំងសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ មហាអំណាចក្នុងតំបន់សំខាន់ៗ និងមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងធនាគារពិភពលោកផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង