បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានបង្ហាញនូវក្តីសោកស្តាយ ដែលខ្លួនបានបាញ់ សម្លាប់ជនជាតិកូរ៉េខាងត្បូងបាត់ខ្លួនមួយរូប ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូរ៉ូណា ស្របពេលមានប្រតិកម្ម ផ្នែកនយោបាយ និងសាធារណជន កំពុងតែកើនឡើង នេះបើតាមសម្តី របស់ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង។
នាយកដ្ឋានរណសិរ្សបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងជើង ដែលទទួលខុសត្រូវ លើចំណងមិត្តភាពឆ្លងព្រំដែន បានផ្ញើលិខិតមួយ ឲ្យការិយាល័យ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ក្រោមមួយថ្ងៃ បន្ទាប់ពីមន្ត្រីទីក្រុងសេអ៊ូលនិយាយថា ទាហានកូរ៉េខាងជើង បានសម្លាប់ជនជាតិកូរ៉េខាងត្បូងមួយរូប នៅមុនពេលចាក់ប្រេង ដុតសាកសពរបស់គាត់។
គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Suh Hoon បាននិយាយថា សារនោះបានលើកឡើង នូវសម្តីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនិយាយថា លោកមានការសោកស្តាយជាខ្លាំង ចំពោះហេតុការណ៍ ដែលកើតឡើង ធ្វើឲ្យខកចិត្តសាធារណជនកូរ៉េខាងត្បូង និងមិនគួរកើតមាននោះទេ៕ ប្រែសម្រួល៖ប៉ាង កុង