ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងផ្គត់ផ្គង់​ ឱសថប្រឆាំង នឹងមេរោគកូវីដ១៩ ឈ្មោះ Avifavir ទៅដល់ ១៧ប្រទេស

បរទេស៖ កាលពីចុងខែឧសភា ប្រទេសរុស្ស៊ីបានចុះបញ្ជីឱសថ ប្រឆាំងមេរោគកូវីដ១៩ ដំបូងបង្អស់លើពិភពលោក ដោយផ្អែកលើថ្នាំ favipiravir ដែលជាថ្នាំប្រឆាំងវីរុស ។ ថ្នាំនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងគ្លីនិករបស់ប្រទេសរុស្ស៊ី ដើម្បីព្យាបាលជំងឺកូរ៉ូណាចាប់តាំងពីខែមិថុនា ហើយចាប់តាំងពីពេលនោះ មកត្រូវបានទទួល ដោយមន្ទីរពេទ្យនានា នៅប្រទេសបេឡារុស្ស កាហ្សាក់ស្ថាន បូលីវីនិងប្រទេសមួយចំនួនទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) ដែលជាអ្នកវិនិយោគ ដែលបានផ្តល់មូល និធិដល់ការអភិវឌ្ឍវ៉ាក់សាំងដំបូង លើពិភពលោកប្រឆាំង នឹងមេរោគឆ្លង និង ChemRar Group ដែលមានមូលដ្ឋាន នៅទីក្រុងម៉ូស្គូ បានយល់ព្រមក្នុងការផ្គត់ផ្គង់ថ្នាំប្រឆាំង នឹងមេរោគកូវីដឈ្មោះ Avifavir ដល់ ១៧ ប្រទេស។

ថ្នាំ Avifavir ដែលជាថ្នាំដែលមានមូលដ្ឋានលើ favipiravir ដំបូងបង្អស់របស់ពិភពលោក ត្រូវបានអនុម័តសម្រាប់ការព្យាបាល មេរោគកូវីដ១៩ នឹងត្រូវបញ្ជូនទៅប្រទេស អារ៉ាប់ប៊ីសាអូឌីត ប្រេស៊ីល ប៊ុលហ្គារី កូឡុំប៊ី ស៊ែប៊ី អាហ្សង់ទីន ស៊ីលី កូឡុំប៊ី អេក្វាឌ័រ អេលសាវ៉ាឌ័រ ហុងឌូរ៉ាស គុយវែត ប៉ាណាម៉ា ប៉ារ៉ាហ្គាយ ស្លូវ៉ាគី អាហ្វ្រិកខាងត្បូង អេមីរ៉ាតអារ៉ាប់រួម និងអ៊ុយរូហ្គាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top