ព័ត៌មានអន្តរជាតិ

បារាំងកោះអញ្ជើញប្រេសិតអ៊ីរ៉ង់ ជុំវិញបញ្ហាសិទ្ធិមនុស្ស

បរទេស៖ ក្រសួងការបរទេសបារាំង នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានកោះអញ្ជើញប្រេសិតអ៊ីរ៉ង់ ជុំវិញកំណត់ត្រាសិទ្ធិមនុស្ស របស់ប្រទេសអ៊ីរ៉ង់ ហើយនេះជាសញ្ញា បង្ហាញពីក្តីព្រួយបារម្ភ ស្តីពីអ្វីដែលទីក្រុងប៉ារីស ហៅថា ជាការរំលោភបំពានធ្ងន់ធ្ងរជាបន្តបន្ទាប់។

លោក Agnes von der Muhll ជាមន្ត្រីនាំពាក្យ ក្រសួងការបរទេសបារាំង បាននិយាយប្រាប់ដូច្នេះថា “អាជ្ញាធរបារាំងជាប្រក្រតី តែងតែបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួន ស្តីពីការរំលោភបំពាន សិទ្ធិមនុស្សធ្ងន់ធ្ងរជាបន្តបន្ទាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយក្តីព្រួយបារម្ភទាំងនេះ ត្រូវបានចែករំលែកដោយដៃគូជាច្រើន ដែលរួមមានប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសបារាំង កម្រនិយាយជាសាធារណៈ ស្តីពីសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែកាលពីថ្ងៃទី២២ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានមានប្រសាសន៍ថា មានរឿងចំាបាច់ត្រូវធ្វើកាន់តែច្រើនឡើង ជុំវិញអ្វីដែលោកនិយាយថា កំពុងតែធ្វើឲ្យមានការរំលោភបំពាន សិទ្ធិមនុស្សកាន់តែអាក្រក់ នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាល ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩៕ ប្រែសម្រួល៖ប៉ាង កុង

To Top