ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មីជប៉ុន អះអាងថា នឹងជួបជាមួយប្រធានាធិបតី កូរ៉េខាងជើង ដោយគ្មាន ដាក់លក្ខខណ្ឌជាមុន

បរទេស៖ ប្រធានគណបក្សប្រជាធិបតេយ្យ សេរីជប៉ុន លោក Yoshihide Suga ត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុនថា ជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសនេះ បន្ទាប់ពីលោកស៊ីនហ្សូអាបេ បានលាឈប់ដោយសារ ហេតុផលសុខភាព ។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានថ្លែងនៅក្នុងសារជាវីដេអូ ទៅកាន់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីថ្ងៃសុក្រថា លោកបានត្រៀមខ្លួនជួបជាមួយ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ដោយគ្មានលក្ខខណ្ឌជាមុន ផងដែរ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Suga ថា “ ក្នុងនាមជានាយករដ្ឋមន្រ្តីជប៉ុនថ្មី ខ្ញុំបានត្រៀមខ្លួនជួបជាមួយប្រធាន គីមជុងអ៊ុន ដោយគ្មានលក្ខខណ្ឌណាមួយឡើយ” ។

លោកក៏បានកត់សម្គាល់ផងដែរថា “ ការបង្កើតនូវទំនាក់ទំនង ប្រកបដោយការស្ថាបនា រវាងជប៉ុននិងកូរ៉េខាងជើង នឹងមិនត្រឹមតែបម្រើផលប្រយោជន៍ របស់ភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចូលរួមចំណែកយ៉ាងច្រើន ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ” ។

លោក Suga បានរំលឹកទៅដល់សេចក្តី ប្រកាសក្រុងព្យុងយ៉ាងជប៉ុន – កូរ៉េខាងជើងថា ដោយអនុលោមតាមសន្ធិសញ្ញានេះ ជប៉ុនព្យាយាមធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយកូរ៉េខាងជើង តាមរយៈការដោះស្រាយបញ្ហាលេចធ្លោ ដែលគួរឱ្យព្រួយបារម្ភ ដូចជាការចាប់ជំរិត បញ្ហានុយក្លេអ៊ែរ និងមីស៊ីលក៏ដូចជាការដោះស្រាយបញ្ហា អតីតកាលដែលជាអកុសលផងដែរ “៕

ប្រែសម្រួលៈ ណៃ តុលា

To Top