ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលបាញ់តេស្ត មីស៊ីល វាយប្រហារពីសមុទ្រ ទៅសមុទ្រ

បរទេស ៖ កម្លាំងការពារជាតិ របស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានប្រកាស នៅសប្ដាហ៍នេះថា កងទ័ពជើងទឹកអ៊ីស្រាអែល បានបាញ់តេស្តសាកល្បងមីស៊ីល វាយប្រហារពីសមុទ្រទៅសមុទ្រ សម្រាប់ការប្រើប្រាស់ ក្នុងកិច្ចការពារទីតំាងឧស្ម័នធម្មជាតិ នៅសមុទ្រមេឌីទែរ៉ានេ។

មីស៊ីលនោះ បានវាយប្រហារពន្លិចនាវាគោលដៅ បានយ៉ាងជោគជ័យ ហើយវានឹងត្រូវដាក់ប្រើប្រាស់ រួមបញ្ចូលក្នុងនាវាថ្នាក់ Sa’ar-5 និង Sa’ar-6 ដ៏ថ្មីបំផុតរបស់ទ័ពជើងទឹកអ៊ីស្រាអែល ដែលផលិតដោយក្រុមហ៊ុនឧស្សាហកម្ម Huntington Ingalls Industries នៅសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីលនេះ នៅមិនទាន់មានឈ្មោះនៅឡើយទេ ។ វាត្រូវបានអភិវឌ្ឍផលិត ដោយក្រុមហ៊ុនឧស្សាហកម្ម Israeli Aerospace Industries និងតេស្តសាកល្បង ដោយកងទ័ពជើងទឹកនិងរដ្ឋបាលអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាអាវុធ របស់ក្រសួងការពារជាតិ ហៅកាត់ថា MAFAT៕
ប្រែសម្រួល៖ប៉ាង កុង

To Top