ព័ត៌មានអន្តរជាតិ

ការប៉ះទង្គិចគ្នារវាង កងកម្លាំង អាមេនីនិងអាហ្សែបែហ្សង់ សម្លាប់មនុស្សតិចបំផុត១៦នាក់និងធ្វើឲ្យប៉ះពាល់ ដល់ស្ថិរភាពក្នុងតំបន់

បរទេស៖យោធាតិចបំផុត១៦នាក់ និងជនស៊ីវិលជាច្រើននាក់ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសអាមេនីនិងប្រទេសអាហ្សែបែហ្សង់ គិតចាប់តាំងពីឆ្នាំ២០១៦មក បង្កឲ្យមានក្តីព្រួយបារម្ភអំពីស្ថិរភាពក្នុងតំបន់ South Caucasus ដែលជាច្រកសម្រាប់បំពង់ទុយយោនាំយកប្រេងនិងឧស្ម័នទៅទីផ្សារពិភពលោក។ 

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងទអតីតសាធារណរដ្ឋសូវៀតទាំងពីរ ដែលធ្លាប់មានសង្គ្រាមនឹងគ្នាក្នុងទសវត្ស១៩៩០នោះ គឺជាការផ្ទុះឡើងដ៏ថ្មីបំផុត ក្នុងជម្លោះដ៏វែងឆ្ងាយមួយ ជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដែលស្ថិតនៅប្រទេសអាហ្សែបែហ្សង់ ប៉ុន្តែត្រូវគ្រប់គ្រងដោយជនជាតិភាគតិចអាមេនី។ 

តំបន់ Nagorno-Karabakh បាននិយាយប្រាប់ថា យោធាចំនួន១៦នាក់របស់ខ្លួនបានស្លាប់ និងជាង១០០នាក់ទៀតបានរងរបួស ក្រោយអាហ្សែបែហ្សង់ បើកការវាយប្រហារតាមអាកាសនិងបាញ់កាំភ្លើងធំ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហើយប្រទេសអាមេនីនិងតំបន់ Nagorno-Karabakh បានប្រកាសច្បាប់អាជ្ញាសឹក និងកៀរគរប្រមូលមនុស្សប្រុស៕ ប្រែសម្រួល៖ប៉ាង កុង

To Top