បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធយោធា ចំនួន៥ជាបន្តបន្ទាប់គ្នា នៅតាមផ្នែកផ្សេងៗ នៃតំបន់ឆ្នេររបស់ខ្លួន នាថ្ងៃចន្ទនេះ ហើយនេះ គឺជាលើកទីពីរក្នុងរយៈពេលពីរខែ ដែលប្រទេសចិនមានសមយុទ្ធស្របពេល ជាមួយគ្នាបែបនេះ ស្របពេលមានភាពតានតឹង ក្នុងតំបន់កើនកម្តៅខ្លាំងឡើង ។
សមយុទ្ធពីរក្នុងចំណោមសមយុទ្ធទាំងនោះ នឹងបា្ររព្ធធ្វើឡើងនៅជិតប្រជុំកោះប៉ារ៉ាសែល ស្ថិតនៅដែនសមុទ្រចិនខាងត្បូង ចំណែកសមយុទ្ធពីរទៀត មួយស្ថិតនៅសមុទ្រចិនខាងកើត ហើយមួយទៀត ស្ថិតនៅភាគខាងជើងនៅសមុទ្រប៊ូហៃ នេះបើតាមនិយាយឲ្យដឹង ពីរដ្ឋបាលសុវត្ថិភាព ដែនសមុទ្រ នៅលើគេហទំព័ររបស់ខ្លួន ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងផ្នែកភាគខាងត្បូងនៃសមុទ្រលឿង សមយុទ្ធ ដែលមានរួមបញ្ចូលទាំងការ ហាត់សមបាញ់គ្រាប់ពិតផងនោះ នឹងត្រូវបា្ររព្ធធ្វើឡើងចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង
