ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអាមេរិក ជំរុញក្រិកនិងតួកគី ឲ្យបន្តធ្វើការពិភាក្សាគ្នា

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានជំរុញ ប្រទេសសម្ព័ន្ធមិត្តណាតូទាំងពីរ គឺប្រទេសក្រិកនិងប្រទេសតួកគី ឲ្យបន្តកិច្ចពិភាក្សាគ្នា ស្តីពីជម្លោះព្រំដែនសមុទ្រ ឲ្យបានលឿនបំផុត តាមដែលអាចទៅរួច។

ក្រោយជួបគ្នាជាមួយ លោក Kyriakos Mitsotakis ជានាយករដ្ឋមន្ត្រី នៃប្រទេសក្រិក នៅលើកោះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងសង្ឃឹមថា កិច្ចពិភាក្សាគ្នាទាំងនេះ អាចនឹងបន្តនៅក្នុងវិធីដ៏ហ្មត់ចត់”។

គួរបញ្ជាក់ថា ភាពតានតឹងរវាងក្រិកនិងតួកគី បានផ្ទុះកម្តៅខ្លាំងឡើងកាលពីខែមុន បន្ទាប់ពីទីក្រុងអង់ការ៉ា បានបញ្ជូននាវាស្ទង់រកឧស្ម័ន Oruc Reis ចូលទៅក្នុងដែនទឹកមានជម្លោះ អមដោយទូកចម្បាំង ដើម្បីគូសផែនទីដែន សមុទ្រសម្រាប់ការខួងយកឧស្ម័ននិងប្រេង ក្រោយមានកិច្ចព្រមព្រៀងដែនសមុទ្រ រវាងទីក្រុងអាតែនិងទីក្រុងខៃរ៉ូ ដែលធ្វើឲ្យតួកគីខឹង៕ ប្រែសម្រួល៖ប៉ាង កុង

To Top