ព័ត៌មានអន្តរជាតិ

លោក ពូទីន និងនាយករដ្ឋមន្ត្រីជប៉ុន ពិភាក្សាគ្នាពីភាពអាចទៅរួច នៃកិច្ចសហការគ្នាលើថ្នាំ វ៉ាក់សាំងជម្ងឺកូវីដ១៩

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន លោក Yoshihide Suga នៅថ្ងៃអង្គារនេះ បានពិភាក្សាគ្នាអំពីភាពអាច ទៅរួចនៃកិច្ចសហការគ្នា ផ្នែកវេជ្ជសាស្ត្រ ដែលរួមមានទាំងស្តីពីការអភិវឌ្ឍផលិតថ្នាំ វ៉ាក់សាំងជម្ងឺកូវីដ១៩ផង នេះបើតាមការប្រាប់ឲ្យដឹង ពីវិមានក្រឹមឡាំង ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍វិមានក្រឹមឡាំង មិនបានផ្តល់សេចក្តី លម្អិតបន្ថែមទៀត ស្តីពីសហប្រតិបត្តិការ ដែលខ្លួននិយាយថា ត្រូវបានលើកយកមកពិភាក្សាគ្នា ក្នុងកិច្ចសន្ទនាគ្នារបស់មេដឹកនាំទាំងពីរនោះទេ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសដំបូងគេ លើពិភពលោក ដែលបានអនុម័តថ្នាំវ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណា ហើយការអនុម័តនោះ គឺត្រូវបានប្រកាសដោយលោក ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដោយនិយាយថា “ខ្ញុំដឹងថា ថ្នាំវ៉ាក់សាំងដំណើរការយ៉ាងមានប្រសិទ្ធភាព ជួយអភិវឌ្ឍប្រព័ន្ធភាពស៊ាំរឹងមាំ និងបានឆ្លងកាត់ការតេស្តសាកល្បងចាំបាច់នានាទាំងអស់” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top