ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ មានក្តីព្រួយបារម្ភពី ការប្រយុទ្ធគ្នាជុំវិញបញ្ហា តំបន់ Nagorno-Karabakh

បរទេស៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញពីក្តីព្រួយបារម្ភស្តីពីការប៉ះទង្គិចគ្នាជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដែលគម្រាមកំហែងបង្កឲ្យមានសង្គ្រាមទាំងស្រុង រវាងអាមេនីនិងអាហ្សែបែហ្សង់។

ក្រោយកិច្ចពិភាក្សាសម្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ ពួកគេបានបង្ហាញពីក្តីព្រួយបារម្ភ ជុំវិញរបាយការណ៍នៃសកម្មភាពយោធាទ្រង់ទ្រាយធំ នៅតាមបន្ទាត់ទំនាក់ទំនង ក្នុងតំបន់ជម្លោះ Nagorno-Karabakh។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា “សមាជិកក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញនូវការគាំទ្រចំពោះសំណើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លើភាគីទាំងពីរ ឲ្យបញ្ឈប់ភ្លាមៗនូវការប្រយុទ្ធគ្នា បំបាត់ភាពតានតឹង និងវិលមករកការចរចាគ្នាប្រកបដោយអត្ថន័យ ដោយគ្មានការពន្យាពេល”៕ប្រែសម្រួល៖ប៉ាង កុង

To Top