BBC៖ ស្ត្រីអាយុ ១៩ ឆ្នាំម្នាក់ បានស្លាប់បន្ទាប់ពីនាងត្រូវបានគេអះអាងថា ត្រូវបានបុរសវណ្ណៈខ្ពង់ខ្ពស់ចំនួន ០៤នាក់ ចាប់រំលោភបូក និងបានបង្កឱ្យមានកំហឹងនៅក្នុងប្រទេសឥណ្ឌា ផងដែរ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីរងគ្រោះរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងដេលីកាលពី ២ សប្តាហ៍មុន ជាមួយនឹងរបួសធ្ងន់ធ្ងរជាច្រើន។ ការវាយប្រហារបានកើតឡើងនៅថ្ងៃទី ១៤ ខែកញ្ញា នៅភាគខាងជើងរដ្ឋ អ៊ូតារប្រាដេស ចំណែក បុរស ៤នាក់ នោះ ក៏ត្រូវបានចាប់ខ្លួន។
ដំណឹងនៃការស្លាប់របស់នាងបានជំរុញឱ្យមនុស្សជាច្រើននៅក្នុងប្រទេសឥណ្ឌា បានប្រើបណ្តាញសង្គម និងទាមទាររកយុត្តិធម៌។
ប៉ូលីសបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា បុរសទាំង ៤ នាក់ បានអូសជនរងគ្រោះទៅចម្ការមួយនៅស្រុក Hathras ដែលពួកគេបានរំលោភនាង។ នាងបានរងរបួសយ៉ាងធ្ងន់ធ្ងរ។
បងប្រុសរបស់ក្មេងស្រីរងគ្រោះបានបញ្ជាក់ប្រាប់មរណភាពនេះ ទៅកាន់សារព័ត៌មាន BBC ភាសាឥណ្ឌា ដោយនិយាយថា គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងក្នុងរយៈពេល ១០ ថ្ងៃដំបូងឡើយ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង។ លោកបាននិយាយថា “នាងត្រូវបានទុកឱ្យស្លាប់។ នាងបានតស៊ូអស់មួយជីវិតអស់រយៈពេល ១៤ ថ្ងៃ” ៕
ប្រែសម្រួលៈ ណៃ តុលា