វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញានេះថា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និង ម៉ុងហ្គោលី នៅសប្តាហ៍ក្រោយ ក្នុងដំណើរមួយ ដែលរំពឹងថា នឹងផ្តោតលើចិន និងកូរ៉េខាងជើង។
ដំណើរទស្សនកិច្ចរបស់លោក Pompeo ទៅកាន់ទីក្រុងតូក្យូ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ចាប់តាំងពីលោក Yoshihide Suga បានចូលកាន់តំណែងនៅថ្ងៃទី ១៦ ខែកញ្ញា ដោយបានទទួលតំណែងបន្ទាប់ពីនាយករដ្ឋមន្ត្រីជើងចាស់ ស៊ីនហ្សូ អាបេ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោន ។
នៅថ្ងៃទី ៦ ខែតុលា នៅទីក្រុងតូក្យូ លោក Pompeo នឹងបើកកិច្ចប្រជុំ ចំនួន៤ជាមួយសមភាគី របស់លោកមកពីអូស្រ្តាលី ឥណ្ឌា និងជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នៅចំពោះមុខប្រទេសចិន ។
លោក Pompeo គឺជាអ្នករិះគន់យ៉ាងខ្លាំងចំពោះប្រទេសចិន លើបញ្ហានានាពីសន្តិសុខដល់សិទ្ធិមនុស្ស រហូតដល់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានរិះរកការស្តីបន្ទោសយ៉ាងខ្លាំង ទៅលើទីក្រុងប៉េកាំងនៅមុនការ បោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា ។
លោក Pompeo បានដឹកនាំយុទ្ធនាការអន្តរជាតិមួយ សម្រាប់ប្រទេសដទៃទៀត ដើម្បីគេចពីប្រទេសចិន រួមទាំងបច្ចេកវិទ្យារបស់ខ្លួនផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា