បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ដែលធ្វើជាប្រធានការិយាល័យនយោបាយ ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ១៩ ដោយចង្អុលបង្ហាញអំពីកំហុសមួយចំនួន ក្នុងកិច្ចប្រឹងប្រែងដើម្បី បញ្ឈប់ការរីករាលដាលនៃវីរុសនេះ បន្ទាប់ពីការបាញ់ប្រហារថ្មីៗនេះទៅ លើមន្រ្តីកូរ៉េខាងត្បូងម្នាក់ និងការដុតសាកសព ដែលជាវិធានការប្រឆាំងនឹងមេរោគឆ្លង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត Chongnyon Jonwi បានផ្សាយថា “កិច្ចប្រជុំបានចង្អុលបង្ហាញនូវកំហុសមួយចំនួនដែលត្រូវបានរកឃើញ ក្នុងការការពារការឆ្លងវីរុសសាហាវ និងមានការសិក្សា និងពិភាក្សាស៊ីជម្រៅអំពីបញ្ហានានាស្តីពីការពង្រឹងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតបន្ទាន់របស់រដ្ឋ” ។
កិច្ចប្រជុំលើកទី ១៨ នៃការិយាល័យនយោបាយនៃ គណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ បានធ្វើឡើងបន្ទាប់ពីកងទ័ពកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូងម្នាក់ ដែលបានបាត់ខ្លួនខណៈពេល កំពុងបំពេញភារកិច្ចនៅក្នុងដែនទឹក នៅជិតព្រំដែនរវាងកូរ៉េខាងត្បូង – ខាងជើង និងដុតសាកសពមន្រ្តីរូបនោះថែមទៀត។
គេជឿថាបុរសនោះបានប៉ុនប៉ងរត់ទៅកូរ៉ខាងជើង ដោយលោតចូលសមុទ្រ។ ក្រោយមកលោកគីម ជុងអ៊ុន បានសុំអភ័យទោសដល់រដ្ឋាភិបាល ទីក្រុងសេអ៊ូល ដោយសន្យាចាត់វិធានការដើម្បីចៀសវាងឧប្បត្តិហេតុបែបនេះ នាពេលអនាគត៕ប្រែសម្រួលៈ ណៃ តុលា