ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មីជប៉ុន នឹងមិនទស្សនកិច្ចកូរ៉េខាងត្បូងនោះទេ បើគ្មានការធានាលើជម្លោះការងារ សម័យសង្គ្រាម

តូក្យូ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានឲ្យដឹងថានាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុនលោក Yoshihide Suga នឹងមិនធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដោយគ្មានការធានាថា ទ្រព្យសម្បត្តិដែលរឹបអូសបានពីក្រុមហ៊ុនជប៉ុន បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូង លើសំណងសម្រាប់កម្លាំងពលកម្មក្នុងសម័យសង្គ្រាម នឹងមិនត្រូវបានរំលាយឡើយ។

មន្ត្រីដែលបាននិយាយទៅកាន់អ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បើគ្មានការធានានោះទេវានឹងមិនអាចទៅរួចទេ សម្រាប់លោកនាយករដ្ឋមន្រ្តី ក្នុងការចូលរួមកិច្ចប្រជុំត្រីភាគីជាមួយប្រទេសចិន ដែលកូរ៉េខាងត្បូង ចង់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ។

ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងសេអ៊ូល បានរសាត់ទៅរកភាពអាប់អួជាប្រវត្តិសាស្ត្រ ចាប់តាំងពីតុលាការកំពូលរបស់កូរ៉េខាងត្បូង កាលពីខែតុលាឆ្នាំ២០១៨ បានបញ្ជាឲ្យក្រុមហ៊ុនដែកនីបប៉ុន សងសំណងដល់ដើមបណ្តឹងចំនួន ៤ នាក់សម្រាប់ការបង្ខំឲ្យធ្វើការក្នុងអំឡុងអាណានិគមរបស់ជប៉ុននៅឆ្នាំ១៩១០-១៩៤៥ នៃឧបទ្វីបកូរ៉េ។

ប្រទេសជប៉ុន អះអាងថាសេចក្តីសម្រេចរបស់តុលាការប្រឆាំងនឹងកិច្ចព្រមព្រៀងឆ្នាំ១៩៦៥ រវាងប្រទេសជិតខាង ដែលខ្លួនបានផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសកូរ៉េខាងត្បូង លើការយល់ដឹងថា បញ្ហាសំណងនេះត្រូវបានដោះស្រាយ“ ទាំងស្រុង និងចុងក្រោយបំផុត”៕ ដោយ ឈូក បូរ៉ា

To Top