ព័ត៌មានអន្តរជាតិ

អេក្វាឌ័រ ទទួលបានកញ្ចប់ជំនួយ​ តម្លៃ៦,៥ពាន់ប៊ីលានដុល្លារពី IMF

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថា ក្រុមប្រឹក្សាភិបាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលហៅកាត់ថា IMF បានយល់ព្រមលើកិច្ចព្រមព្រៀងប្រាក់កម្ចី ដែលមានទឹកប្រាក់ចំនួន ៦,៥ ពាន់ប៊ីលានដុល្លារអាមេរិក កាលពីចុងខែសីហាកន្លងទៅ សម្រាប់ប្រទេសអេក្វាឌ័រ។

ប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក Lenin Moreno ដែលជាអ្នកបានប្រកាសផ្ទាល់ អំពីកិច្ចព្រមព្រៀងនេះ បានប្រាប់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុង Quito ថា ប៉ុន្មាននាទីមុននេះ ខ្ញុំមានការសន្ទនា ជាមួយក្រុមមន្ត្រីមកពី មូលនិធិរូបិយវត្ថុអន្តរជាតិ ហើយខ្ញុំអាចប្រាប់អ្នកបានថា ប្រាក់កម្ចីរបស់ IMF ត្រូវបានអនុម័តជាឯកច្ឆន្ទនៅថ្ងៃនេះ។

លោកបានបន្តវាគឺជា ដំណឹងដ៏ល្អ សម្រាប់ប្រជាជាតិអាមេរិកខាងត្បូង ដែលជួបប្រទះការលំបាក ផ្នែកសេដ្ឋកិច្ច ដោយសារ វីរុសឆ្លង កូវីដ១៩មួយនេះ ។ យោងតាមអះអាងរបស់ លោក Moreno ផងដែរ បានឲ្យដឹងការផ្តល់ប្រាក់ដំបូងចំនួន ២ ពាន់លានដុល្លារ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ។

គួរឲ្យដឹងដែរថា អេក្វាឌ័រនិង IMF បានឈានដល់កម្មវិធីប្រាក់កម្ចី រយៈពេល ២៧ ខែនៅថ្ងៃទី ២៨ ខែសីហាដើម្បីគាំទ្រ ដល់ការស្តារសេដ្ឋកិច្ច របស់ប្រទេសនេះឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top