ព័ត៌មានអន្តរជាតិ

អាសែបៃហ្ស៊ង់ថា បានបំផ្លាញក្បួន រថយន្តយោធា របស់អាមេនី នៅតំបន់ Nagorno-Karabakh

បរទេស៖ ការប៉ះទង្គិចគ្នាជាថ្មី រវាងកងកម្លាំងប្រទេសអាមេនី និងអាសែបៃហ្ស៊ង់ បានចាប់ផ្តើមតាំង ពីថ្ងៃអាទិត្យ នៅពេលដែលភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការឈ្លានពាននៅតាមបណ្តោយបន្ទាត់ នៃការទាក់ទង នៅតំបន់ Nagorno-Karabakh។ បន្ទាប់មក ភាគីទាំងពីរបានប្រកាស អំពីការចល័តកំលាំង របស់ខ្លួនរៀងៗខ្លួន ដោយរដ្ឋាភិបាលទីក្រុងបាគូ បានប្រកាសពីការកេណ្ឌផ្នែកខ្លះ ហើយរដ្ឋាភិបាលទីក្រុង យេរេវ៉ាន ក៏ប្រមូលទ័ពដូចគ្នាដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រយុទ្ធគ្នានៅតែបន្តនៅ Nagorno-Karabakh ពេលដែលភាគីទាំងពីរបានផ្សព្វផ្សាយ វីដេអូជាច្រើននៃយន្តហោះសត្រូវ និងយានយន្តជាច្រើនគ្រឿង ដែលត្រូវបានបំផ្លាញក្នុងកំឡុងពេលនៃការប៉ះទង្គិចគ្នា។

ប្រទេសរុស្ស៊ី បារាំង និងប្រទេសជាច្រើនទៀត បានអំពាវនាវ ឲ្យអាមេនី និងអាសែបៃហ្ស៊ង់ បញ្ឈប់អរិភាព និងត្រូវវិលត្រឡប់មក រកការចរចាវិញ ខណៈដែលតួកគី បានគាំទ្ររដ្ឋាភិបាលទីក្រុង បាគូ ដោយសន្យាផ្តល់ជំនួយ“ ទាំងសម្រាប់កិច្ចពិភាក្សានិងក្នុងការប្រយុទ្ធ” ហើយព្រមានថា ការឈ្លានពានណាមួយប្រឆាំង នឹងទឹកដី អាសែបៃហ្ស៊ង់ គឺជាការវាយប្រហារ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុង អង់ការ៉ា។

ក្រសួងការពារជាតិអាសៃបៃហ្ស៊ង់ បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអាមេនីបានបាត់បង់រថក្រោះរហូតដល់ ២០០ គ្រឿង និងរថយន្តពាសដែកជាច្រើនគ្រឿង , ដំឡើងកាំភ្លើងធំចំនួន ២២៨, ប្រព័ន្ធរ៉ុក្កែតនិងកាំភ្លើងត្បាល់ជាច្រើន ប្រព័ន្ធការពារដែនអាកាសចំនួន៣០គ្រឿង, មជ្ឈមណ្ឌលបញ្ជាបញ្ជាការចំនួន ៦ និងប៉ុស្តិ៍ត្រួតពិនិត្យ និងឃ្លាំងអាវុធយុទ្ធភ័ណ្ឌ។ មានសំភារៈរថយន្តជាង ១១០ គ្រឿង និងប្រព័ន្ធកាំជ្រួចការពារអាកាស S-300 ចំនួន១ ត្រូវបំផ្លាញផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top