យូអិន៖ របាយការណ៍របស់ អង្គការសហប្រជាជាតិ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចូលប្រេងចម្រាញ់ របស់ប្រទេសកូរ៉េខាងជើង ពីប្រទេសចិនក្នុងខែសីហា បានធ្លាក់ចុះដល់ប្រហែល ១ភាគ ១០ នៃចំនួនទឹកប្រាក់ នៅក្នុងខែកក្កដាកន្លងនេះ។
យោងតាមព័ត៌មានថ្មីៗ នៅលើគេហទំព័ររបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីគណៈកម្មាធិការដាក់ ទណ្ឌកម្មរបស់ខ្លួនលើ ប្រទេសកូរ៉េខាងជើង ប្រទេសកុម្មុយនិស្តមួយនេះ បាននាំចូលប្រេងចម្រាញ់ ពីប្រទេសចិនប្រមាណ ១៤២ តោន កាលពីខែសីហា។
របាយការណ៍បានបង្ហាញថា បរិមាណនេះមានតែ ១០ ភាគរយនៃ ១,៤៩៨ តោន ដែលប្រទេសនេះបាននាំចូល ពីប្រទេសជិតខាងកាលពីខែកក្កដា។
បរិមាណខែសីហាក៏ តំណាងឱ្យការធ្លាក់ចុះជិត ៩៤ ភាគរយពីចំនួនដែលកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា បាននាំចូលពីប្រទេសចិន កាលពីខែសីហា ឆ្នាំមុន៕
ដោយ ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)