ព័ត៌មានអន្តរជាតិ

អាមេនីត្រៀមខ្លួនដើម្បីពិភាក្សា អំពីបទឈប់បាញ់គ្នា ស្របពេលមានការប្រយុទ្ធគ្នាជាមួយ អាហ្ស៊ែបៃហ្សង់

បរទេស៖មន្ត្រីនៅក្នុងប្រទេសអាមេនីនៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសខ្លួនបានត្រៀមខ្លួនពិភាក្សាគ្នាអំពីបទឈប់បាញ់គ្នាក្នុងតំបន់ Nagorno-Karabakh ជាទីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងកងកម្លាំងអាមេនីនិងអាហ្ស៊ែបៃហ្សង់ បានបន្តអស់រយៈពេល៦ថ្ងៃជាប់គ្នា សម្លាប់និងធ្វើឲ្យរបួសមនុស្សជាច្រើននាក់។

ការប្រយុទ្ធគ្នានៅក្នុងសប្ដាហ៍នេះ គឺជាការកើនដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងជម្លោះមានរយៈកាលរាប់ទសវត្ស ជុំវិញបញ្ហាតំបន់ ដែលស្ថិតនៅខាងក្នុងប្រទេសអាហ្ស៊ែបៃហ្សង់ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនជាតិភាគតិចអាមេនី ដែលគាំទ្រដោយប្រទេសអាមេនី។ វាបង្កឲ្យមានការស្នើឲ្យមានបទឈប់បាញ់គ្នាពីទូទាំងពិភពលោក។

ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រនេះ ក្រសួងការបរទេសរបស់ប្រទេសអាមេនី បាននិយាយថា ប្រទេសត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយសហអធិបតីរបស់ក្រុម OSCE Minsk Group បង្កើតឲ្យមានជាថ្មីនូវបទឈប់បាញ់គ្នា ផ្អែកលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៤-១៩៩៥៕ប្រែសម្រួល៖ប៉ាង កុង

To Top