ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ស្នើឲ្យបង្កើនការវិនិយោគ ក្នុងវិស័យអប់រំ

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ នាថ្ងៃចន្ទសប្ដាហ៍នេះ ប្រារព្ធពិធីអបអរ ទិវាគ្រូបង្រៀនពិភពលោក ទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិនានា និងដៃគូរបស់ពួកគេ បាននិយាយប្រាប់ថា នាពេលបច្ចុប្បន្ននេះ គឺជាពេលដែលត្រូវគិតជាថ្មី ដល់វិស័យអប់រំ នៅជុំវិញពិភពលោក ដើម្បីធ្វើវា ឲ្យកាន់តែមានភាពស្មើគ្នាខ្លាំងឡើង សម្រាប់មនុស្សរាល់គ្នា។

ស្របពេល ដែលការរាតត្បាតឆ្លងមេរោគកូរ៉ូណា បានធ្វើឲ្យមានវិសមភាព កាន់តែខ្លាំងឡើងនោះ សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយទៀតថា គ្រូបង្រៀនបានដឹកនាំផ្លូវ ក្នុងការបង្កើតថ្មី និងការច្នៃប្រឌិត ដើម្បីបម្រើដល់សិស្សានុសិស្ស បើទោះបីជាមានកម្រិតក៏ដោយ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា ការរាតត្បាតឆ្លងនៃជម្ងឺថ្មី បានបង្ខំឲ្យមានការបិទសាលា សម្រាប់ចំនួនសិស្សជាង ៩០ភាគរយ ទូទាំងពិភពលោក ហើយវាមានផលវិបាកយ៉ាងអាក្រក់ ចំពោះអ្នកទាំងឡាយណា ដែលរស់ក្នុងលទ្ធភាពតិចតួច នៅជុំវិញពិភពលោក៕ ប្រែសម្រួល៖ប៉ាង កុង

To Top