ព័ត៌មានអន្តរជាតិ

អាមេរិក ស្នើឲ្យធ្វើកំណែទម្រង់ អង្គការសុខភាពពិភពលោក ផ្តល់ព័ត៌មានឲ្យទាន់ពេល សម្រាប់ការផ្ទុះឆ្លងជម្ងឺនានា

បរទេស៖ នៅក្នុងដំណើររិះគន់ជាក់ស្តែង សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនមិនអាចអត់ទ្រាំបានទេ ចំពោះកំហុសឆ្គង់របស់ប្រទេស ជាសមាជិករបស់អង្គការ សុខភាពពិភពលោក ក្នុងការផ្តល់ព័ត៌មានដ៏ត្រឹមត្រូវ ពេញលេញនិងទាន់ពេលវេលា ស្តីពីការផ្ទុះឆ្លងជម្ងឺនានា។

ថ្លែងទៅកាន់គណៈកម្មាធិការ ប្រតិបត្តិការអង្គការសុខភាពពិភពលោក អនុរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Brett Giroir ក៏បានស្នើឲ្យមានសកម្មភាព លើកំណែទម្រង់អង្គការសុខភាពពិភពលោក ដែលបានស្នើហើយដោយប្រទេសនានា ដែលរួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារំាងនិងឈីលី។

គួរបញ្ជាក់ថា លោក Giroir ក៏ដូចជាសហគមន៍អឺរ៉ុប និងប្រទេសអូស្ត្រាលី បានស្នើឲ្យចាប់ផ្តើមបេសកកម្មអន្តរជាតិ ដឹកនាំដោយអង្គការសុខភាពពិភពលោក ទៅកាន់ប្រទេសចិន ដើម្បីធ្វើការស៊ើបអង្កេត ពីប្រភពមេរោគកូរ៉ូណា ដែលបានកើតឡើងកាលពីចុងឆ្នំាមិញ ហើយពីមុន ប្រធានផ្នែកសង្គ្រោះបន្ទាន់ របស់អង្គការសុខភាពពិភពលោក បាននិយាយថា បញ្ជីឈ្មោះអ្នកជំនាញ ត្រូវបានប្រគល់ទៅឲ្យប្រទេសចិនហើយ ដើម្បីធ្វើការពិចារណា៕

ប្រែសម្រួល៖ ប៉ាង កុង

To Top