បរទេស៖ វេជ្ជបណ្ឌិតនៅសេតវិមានបាននិយាយថា ប្រធានាធិបតីដូណាល់ត្រាំលែង មានហានិភ័យក្នុងការចម្លងវីរុសនេះហើយ ប៉ុន្តែមិនបាននិយាយច្បាស់ ទេថាតើលោក ត្រាំ បានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុសនេះឬអត់។ ការធ្វើរោគវិនិច្ឆ័យបានកើតឡើងនៅពេលដែលលោកប្រធានាធិបតី បានរៀបចំធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនិងសកម្មភាពផ្សេងទៀត។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកំណត់ហេតុមួយដែលត្រូវបានចេញផ្សាយនៅយប់ថ្ងៃសៅរ៍ដោយសេតវិមាន វេជ្ជបណ្ឌិត Sean Conley បាននិយាយថា លោក ត្រាំ បានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ ដើម្បីបញ្ឈប់ការធ្វើចត្តាឡីស័កដោយសុវត្ថិភាពហើយដោយ“ ស្តង់ដារដែលត្រូវបានទទួលស្គាល់នាពេលបច្ចុប្បន្ន” លោកលែងត្រូវបានគេចាត់ទុកថា ជាហានិភ័យនៃការចម្លងវីរុសទៀតហើយ។
កំណត់ហេតុមិនបានប្រកាសថា លោក ត្រាំ បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះទេ ប៉ុន្តែការធ្វើតេស្តនៅមន្ទីរពិសោធន៍ដែលមានលក្ខណៈរសើបដូចជាការធ្វើតេស្តិ៍ PCR ដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់វេជ្ជបណ្ឌិតរកឃើញវីរុសនៅក្នុងគំរូសំណាកដែលយកចេញពីច្រមុះនិងបំពង់ក។ វេជ្ជបណ្ឌិត William Moric ដែលគ្រប់គ្រងមន្ទីរពិសោធន៍នៅគ្លីនិក Mayo បាននិយាយកាលពីដើមសប្តាហ៍នេះថា ការប្រើតេស្ត PCR ក្រុមវេជ្ជសាស្ត្ររបស់លោកប្រធានាធិបតីអាចវាស់ស្ទង់សម្មតិកម្មនិងតាមដានចំនួនវីរុសក្នុងសំណាកគំរូតាមពេលវេលានិងមើលការថយចុះនៃមេរោគ៕
ប្រែសម្រួលៈ ណៃ តុលា