បរទេស៖ អគ្គលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិលោក Nattaphon Narkphanit បាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្សតិចជាង ១ ម៉ឺននាក់ ត្រូវបានរំពឹងថានឹងចូលរួមបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងបាងកកនៅថ្ងៃពុធ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយដកស្រង់របាយការណ៍ ស៊ើបការណ៍ចុងក្រោយ លោកឧត្តមសេនីយ៍ Nattaphon បាននិយាយថា ខណៈបាតុកម្មនៅថ្ងៃពុធ នឹងមានការចូលរួមពីក្រុមបាតុករមកពី ៤០-៥០ ខេត្តនៅទូទាំងប្រទេស ចំនួនរបស់ពួកគេទំនងជានឹងថយចុះត្រឹម ១០.០០០ នាក់។
លោកបាននិយាយទៀតថា នៅពេលនេះចំនួនអ្នកតវ៉ា ត្រូវបានគេរំពឹងថា នឹងមានចំនួនជិតនឹងការប្រមូលផ្តុំគ្នា នាពេលកន្លងមក។
អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ លោករូបនេះបានបញ្ជាក់ថា អ្នកនយោបាយខ្លះបានពាក់ព័ន្ធក្នុងការរៀបចំ បាតុកម្មនេះ ប៉ុន្តែមិនបានបញ្ចេញ ឈ្មោះណាមួយ ឬតួនាទីរបស់ពួកគេនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា