បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះបានជំរុញកូរ៉េខាងជើង ឲ្យប្រកាន់ខ្ជាប់កិច្ចព្រមព្រៀង ដែលរារាំងការប៉ះទង្គិចគ្នាដោយអាវុធរវាងប្រទេសទាំងពីរ នៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី នៅក្នុងពិធីព្យុហយាត្រាយោធា។
វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានប្រារព្ធធ្វើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិបន្ទាន់ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាអាវុធនិងសុន្ទរកថាធ្វើឡើងដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
នៅក្នុងសេចក្តីថ្លែងការណ៍ វិមានខៀវកូរ៉េខាងត្បូងបាននិយាយយ៉ាងដូច្នេះថា “យើងបានសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងផ្សេងៗ ដែលធ្វើឡើងរវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងជើង ដើម្បីទប់ស្កាត់ជម្លោះអាវុធនិងសង្គ្រាម”។
គួរបញ្ជាក់ថា ពិធីព្យុហយាត្រានិងសុន្ទរកថានោះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសទាំងពីរខ្វែងគំនិតគ្នា ជុំវិញការដែលកងទ័ពកូរ៉េខាងជើងសម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូងមួយរូបកាលពីខែមុន ហើយហេតុការណ៍នោះ បានធ្វើមនុស្សជាច្រើននៅកូរ៉េខាងត្បូង មានការតក់ស្លុតនិងការខឹងសម្បារជាខ្លាំង៕ ប្រែសម្រួល៖ប៉ាង កុង