ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវៀតណាមថា រដ្ឋាភិបាលទីក្រុង ហាណូយ ដោះស្រាយបញ្ហា របស់ប្រជាជនយឺតយ៉ាវ

បរទេស៖ ប្រធានគណបក្ស និងជាប្រធានាធិបតី គឺលោក ង្វៀនភូទ្រុង នៅថ្ងៃពុធបាននិយាយថា រដ្ឋាភិបាលទីក្រុងហាណូយ មានភាពយឺតយ៉ាវក្នុងការដោះស្រាយ បញ្ហាជាច្រើនដែលប្រជាជនបានជួបប្រទះ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ង្វៀន ភូទ្រុង បានលើកឡើងពីបញ្ហាមួយចំនួន រួមមានការបំពុលបរិស្ថាន ដែលមានរយៈពេលយូរនៅទឹកទន្លេ To Lich ដែលមានប្រវែង ១៤ គីឡូម៉ែត្រ ឆ្លងកាត់តំបន់ទីប្រជុំជន Thanh Xuan, Hoang Mai និង Thanh Tri វិវាទលើសំណងរបស់ប្រជាជន នៅក្បែររោងចក្រប្រព្រឹត្តកម្មកាកសំណល់ ណាំសុនដែលជាកន្លែងចាក់សំរាម ដ៏ធំបំផុតរបស់រដ្ឋធានី និងការពន្យារពេលជាបន្តបន្ទាប់ លើគម្រោងខ្សែរថភ្លើងក្រោមដី របស់ទីក្រុងហាណូយ ។

លោកទ្រុងបាននិយាយទៀតថា ទីក្រុងហាណូយជាមុខមាត់ របស់ប្រទេសជាតិ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសវៀតណាម ដែលចាំបាច់ត្រូវធ្វើជា គំរូដល់ប្រទេសទាំងមូល ដើម្បីអនុវត្តតាម ដោយបន្ថែមការទទួលខុសត្រូវក្នុងការ ធ្វើដូច្នេះពាក់ព័ន្ធនឹងមន្ត្រី និងពលរដ្ឋរាជធានីនីមួយៗ។

លោកទ្រុងបានបន្ថែមថា ទោះបីយ៉ាងណាការគ្រប់គ្រង អាចនឹងពិបាកនៅពេលដែលទីក្រុងហាណូយ សំបូរទៅដោយជនចំណាកស្រុក មកពីទូទាំងប្រទេស ក្រសួងធំៗ សាកលវិទ្យាល័យ វិទ្យាស្ថាន និងស្ថានទូតនានា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top