ព័ត៌មានអន្តរជាតិ

ផ្លូវការ៖ នាយករដ្ឋមន្រ្តីជប៉ុន នឹងធ្វើដំណើរមកប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ

បរទេស៖ ប្រទេសវៀតណាម ត្រូវបានគេអះអាងថា ជាគោលដៅ ដំណើរទស្សនកិច្ច ក្រៅប្រទេសដំបូងបង្អស់ របស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បន្ទាប់ពីបានចូលកាន់តំណែង កាលពីខែមុន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេស នៅក្នុងសន្និសីទកាសែតមួយថា ដោយទទួលយកការអញ្ជើញ ពីនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc, សមភាគីជប៉ុនលោក Suga នឹងធ្វើទស្សនកិច្ច នៅប្រទេសវៀតណាមជាផ្លូវការ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោកស្រី Le Thi Thu Hang បាននិយាយថា នេះជាលើកទី ២ ជាប់ៗគ្នាដែលនាយករដ្ឋមន្រ្តីជប៉ុន បានជ្រើសរើសប្រទេសវៀតណាម ជាគោលដៅ ទៅក្រៅប្រទេសលើកដំបូង របស់លោកបន្ទាប់ពីចូលកាន់តំណែង។

ក្នុងឆ្នាំ ២០១៣ ពេលនោះនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានជ្រើសរើសប្រទេសវៀតណាម ជាទិសដៅដំបូងរបស់លោកដូចគ្នា បន្ទាប់ពីចូលកាន់តំណែង។
លោកស្រីបាននិយាយថា ជំរើសប្រហាក់ប្រហែលរបស់ Suga គឺជាសញ្ញាច្បាស់ ដែលបង្ហាញពីការអភិវឌ្ឍខ្លាំងក្លា និងសំខាន់នៃទិដ្ឋភាពជាច្រើន នៃភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ រវាងវៀតណាមនិងជប៉ុន៕ ប្រែសម្រួលៈ ណៃ តុលា

To Top