បរទេស៖ គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំង នៅថ្ងៃអង្គារបានស្នើសុំឱ្យតុលាការស៊ីវិលលុបចោលបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ដែលអំពាវនាវឱ្យប្រើក្រឹត្យស្ថានភាពអាសន្ន និងហាមឃាត់ការប្រមូលផ្តុំជាសាធារណៈនៅទីក្រុងបាងកក ដោយបក្សនេះនិយាយថាវារំលោភសិទ្ធិរបស់ប្រជាជន។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកសភា លោក Cholanan Srikaew បាននិយាយនៅឯតុលាការថា គណបក្សភឿថៃបានជំទាស់នឹងការប្រកាសរបស់នាយករដ្ឋមន្រ្តីអំពីស្ថានភាពអាសន្នកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងបទបញ្ជាដែលពាក់ព័ន្ធ។ គណបក្សប្រឆាំងមួយនេះ ក៏បានស្នើសុំឱ្យតុលាការការពារសិទ្ធិរបស់បាតុករដោយរង់ចាំការសម្រេចរបស់ខ្លួន។
លោកបណ្ឌិត Cholanan បានបន្ថែមថា គណបក្សរបស់លោកក៏នឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងការប្រើប្រាស់ស្ថានភាពអាសន្នជាមួយគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ និងតុលាការធម្មនុញ្ញផងដែរ៕ប្រែសម្រួលៈ ណៃ តុលា