បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ចេញដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស មានមូលដ្ឋាននៅទីក្រុងញូយ៉ក នាថ្ងៃចន្ទបានឲ្យដឹងថា ពលរដ្ឋកូរ៉េខាងជើង ដែលត្រូវនាំទៅនៅមន្ទីរឃុំខ្លួន ដើម្បីស៊ើបអង្កេតនិងរង់ចាំការកាត់ក្តីនោះ បានប្រឈមមុខនឹងការធ្វើពលកម្មគ្មានប្រាក់កម្រៃ ការវាយដំរាងកាយ ការរំលោភបំពានផ្លូវភេទ ការធ្វើទារុណកម្ម និងស្ថានភាពថោកទាបនានា។
របាយការណ៍ ដែលមានចំណងជើងថា “តម្លៃថោកជាងសត្វ ការរំលោភបំពាន និងការបំពាននីតិវិធីក្នុងមន្ទីរឃុំខ្លួន មុនកាត់ក្តីនៅកូរ៉េខាងជើង” នោះ គឺផ្អែកលើការសម្ភាសន៍ជាមួយ ជនជាតិកូរ៉េខាងជើងនៅក្រៅប្រទេស ៤៦នាក់ ដែលរួមមានទាំងអតីតមន្ត្រីចមនួន៨នាក់ និងបុគ្គលដែលធ្លាក់នៅក្នុង មន្ទីរឃុំខ្លួននោះចំនួន ២២នាក់ផង។
នៅក្នុងពិធីសន្និសីទកាសែតតាមអនឡាញ ស្តីពីរបាយការណ៍ដែលចេញនៅថ្ងៃចន្ទនេះ លោក Phil Robertson ជាអនុប្រធាននៃអង្គភាពនៅអាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រសាសន៍ថា “អ្វីដែលយើងបានរកឃើញ នោះគឺថា ប្រជាជនមានហេតុផលដ៏សមរម្យមួយ ចំពោះការភ័យខ្លាចចំពោះការឃុំខ្លួនមុនកាត់ក្តី” ៕
ប្រែសម្រួល៖ ប៉ាង កុង