ព័ត៌មានអន្តរជាតិ

ក្នុងចំណោមក្រុមហ៊ុនជប៉ុន ​ចំនួន ៣០ មាន ១៥ ក្រុមហ៊ុន បានជ្រើសរើសប្រទេសវៀតណាមដើម្បីបង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួន

បរទេស៖ ក្រុមហ៊ុនជប៉ុននិងវៀតណាម កំពុងរំពឹងថា នឹងមានការកើនឡើង នូវឱកាសរីកចម្រើន នៅពេលដែលប្រទេសទាំងពីរ ព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ចំពេលដែលមានការកើនឡើង នៃការគាំពារនិយមសកល។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Takahisa Onose ដៃគូសេវាកម្មពាណិជ្ជកម្មជប៉ុន ជាមួយក្រុមហ៊ុនសវនកម្ម Ernst & Young Vietnam បាននិយាយថា ជម្រើសរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga យកប្រទេសវៀតណាមជាទិសដៅ ទៅក្រៅប្រទេសលើកដំបូងរបស់លោក បន្ទាប់ពីបានចូលកាន់តំណែងនោះ គឺបានបង្ហាញថា “ ប្រទេសវៀតណាម គឺជាប្រទេសដ៏សំខាន់បំផុតមួយ សម្រាប់ប្រទេសជប៉ុន នៅលើពិភពលោក” ។ លោក Onose បានធ្វើការនៅប្រទេសវៀតណាម អស់រយៈពេល ៩ ឆ្នាំ មកហើយ។

លោកបានប្រាប់ VnExpress ថា ក្នុងចំណោមក្រុមហ៊ុនជប៉ុនចំនួន ៣០ ដែលត្រូវបានជ្រើសរើស ដើម្បីទទួលបានប្រាក់ឧបត្ថម្ភទុន ដើម្បីបង្កើនផលិតកម្មនៅអាស៊ីអាគ្នេយ៍ គឺមាន ១៥ ក្រុមហ៊ុនបានជ្រើសរើសប្រទេសវៀតណាម ដើម្បីបង្កើត ឬពង្រីកអាជីវកម្មរបស់ពួកគេ ហើយនេះគឺជាភស្តុតាង ដែលបង្ហាញថា ក្រុមហ៊ុនជប៉ុនកំពុងយកចិត្តទុកដាក់ ក្នុងការធ្វើជំនួញនៅវៀតណាម។

ក្រុមហ៊ុនលក់រាយជប៉ុនមួយចំនួន ដូចជា Uniqlo និង Muji កំពុងស្វែងរក ការពង្រីកប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម។ កាលពីសប្តាហ៍មុន ហាងលក់គ្រឿងសំអាង និងឱសថធំបំផុតរបស់ជប៉ុនគឺ Matsumoto Kiyoshi បានបង្កើតហាងដំបូងរបស់ខ្លួន នៅទីក្រុងហូជីមិញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top