បរទេស ៖ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានប្រកាសមូលនិធិអភិវឌ្ឍន៍ ៣ពាន់លានដុល្លារ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីលើកកម្ពស់សហប្រតិបត្តិការ សេដ្ឋកិច្ចនិងការវិនិយោគ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកភាគខាងជើង ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មូលនិធិ Abraham Fund ដែលត្រូវបានដាក់ឈ្មោះ ឲ្យសម្រាប់កិច្ចចរចាធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតីសម្របសម្រួល ដោយអាមេរិក រវាងអ៊ីស្រាអែល និងសហភាពអារ៉ាប់រួមនោះ នឹងមានមូលដ្ឋាននៅទីក្រុងយេរូសាឡិម ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតសហរដ្ឋអាមេរិក នៅអ៊ីស្រាអែល បាននិយាយដូច្នេះថា “មូលនិធិនេះ នឹងធ្វើឲ្យសមាជិករបស់វាអាច ដើម្បីចាប់ដំណើរការការ វិនិយោគដោយផ្តោតលើប្រជាជន ផ្តល់ឱកាសនិងក្តីសង្ឃឹមសម្រាប់តំបន់ និងយុវជន ដោយឲ្យពួកគេអាចកសាងអនាគត បម្រើខ្លួនពួកគេនិងសហគមន៍ពួកគេខ្លួនឯង”៕
ប្រែសម្រួល៖ប៉ាង កុង