ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក៖ រុស្ស៊ី និងអ៊ីរ៉ង់ ព្យាយាមជ្រៀតជ្រែក ក្នុងការបោះឆ្នោត ឆ្នាំ២០២០

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា លោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបអង្កេតជាតិសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធ ទី២១ ខែតុលា ថា ប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់ បានព្យាយាមចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ។

លោក Ratcliffe បានប្រកាសឲ្យដឹងនៅឯសន្និសីទសារព័ត៌មានដែលបានរៀបចំឡើងភ្លាមៗ ដែលរួមមានលោក Chris Wray នាយក FBI ផងដែរ ។

ការប្រកាសរយៈពេលពីរសប្តាហ៍មុនការបោះឆ្នោត បង្ហាញពីកម្រិតប្រកាសអាសន្ន ក្នុងចំណោមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលជាតួអង្គបរទេស កំពុងតែព្យាយាមធ្វើឲ្យអន្តរាយដល់ទំនុកចិត្តរបស់អាមេរិក ចំពោះភាពយុត្តិធម៌សម្រាប់ការបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងដើម្បីលទ្ធផលរបស់ខ្លួនមានភាពលំអៀង ។

លោក Ratcliffe បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “ យើងបានបញ្ជាក់ថា ព័ត៌មានចុះឈ្មោះអ្នកបោះឆ្នោតមួយចំនួនត្រូវបានទទួលដោយប្រទេសអ៊ីរ៉ង់ ហើយខ្លះទៀតពីប្រទេសរុស្ស៊ី” ។

ការចុះឈ្មោះអ្នកបោះឆ្នោតភាគច្រើនគឺសាធារណៈ ។ ប៉ុន្តែលោក Ratcliffe បានថ្លែងថា មន្ត្រីរដ្ឋាភិបាល “ បានឃើញ អ៊ីរ៉ង់ ផ្ញើរសារក្លែងក្លាយដែលត្រូវបានរចនាឡើងដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត ញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គមនិងធ្វើឱ្យខូចដល់ប្រធានាធិបតី ត្រាំ ទៀតផង” ។
យោងតាមប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា លោក Ratcliffe ចង់សំដៅទៅលើសារអេឡិចត្រូនិចដែលត្រូវបានផ្ញើរកាលពីថ្ងៃពុធ ហើយត្រូវបានគេរចនាឡើងដើម្បីមើលទៅដូចជាពួកគេមកពីក្រុមគាំទ្រលោក ត្រាំ ដូច្នេះដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top