បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសតួកគី មានសិទ្ធិច្រើន នៅក្នុងដំណោះស្រាយ លើជម្លោះតំបន់ Nagorno-Karabakh ដូចគ្នានឹងប្រទេសរុស្ស៊ីដែរ ហើយលោកសង្ឃឹមថា ទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ អាចនឹងធ្វើការងាររួមគ្នា លើដំណោះស្រាយមួយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Tayyip Erdogan ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសអាហ្ស៊ែបៃហ្សង់ មានការទាមទារដ៏ត្រឹមត្រូវថា ប្រទេសតួកគី គួរតែចូលរួមក្នុងកិច្ចចរចាគ្នា។ មហាអំណាចពិភពលោកនានា ចង់ធ្វើការទប់ស្កាត់មិនឲ្យមានការប្រយុទ្ធ គ្នាបង្កជាសង្គ្រាម កាន់តែធំឡើង។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានគ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាហ្ស៊ែបៃហ្សង់និងអាមេនី ក្នុងការប៉ុនប៉ងថ្មីមួយដើម្បីបញ្ចប់ការបង្ហូរឈាមគ្នាជិតពេលមួយខែ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និយាយថា មនុស្ស៥.០០០នាក់ ប្រហែលជាត្រូវបានសម្លាប់៕
ប្រែសម្រួល៖ប៉ាង កុង