ព័ត៌មានអន្តរជាតិ

អាមេរិកជំរុញស្រីលង្កា ឲ្យបង្កើតជម្រើសដ៏លំបាកជុំវិញ រឿងចំណងមិត្តភាពជាមួយចិន

បរទេស៖ ដោយទំនងជាពោលសំដៅដល់ឥទ្ធិពលដ៏ជ្រៅរបស់ចិនលើទីក្រុងកូឡុំបូនោះ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិក នឹងជំរុញប្រទេសស្រីលង្កាឲ្យបង្កើតជម្រើសដ៏លំបាក ប៉ុន្តែជារឿងចាំបាច់ លើចំណងមិត្តភាពសេដ្ឋកិច្ច នៅពេលដែលរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Mike Pompeo ធ្វើទស្សនកិច្ចប្រទេសនេះនៅសប្ដាហ៍ក្រោយ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Mike Pompeo ក៏នឹងធ្វើទស្សនកិច្ចប្រទេសឥណ្ឌា ម៉ាលឌីវ និងឥណ្ឌូនេស៊ី ក្នុងដំណើរទស្សនកិច្ចនៅតំបន់អាស៊ីរបស់លោក មានគោលដៅចម្បង ត្រូវគេរំពឹងទុកថា នឹងទទួលបានការគាំទ្រក្នុងដំណើរទប់ទល់នឹងប្រទេសចិន។

លោក Dean Thompson ជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីទក្សិណនិងកណ្ដាលនោះ បាននិយាយដូច្នេះថា “យើងលើកទឹកចិត្តឲ្យប្រទេសស្រីលង្កាពិចារណាជម្រើសដែលយើងផ្តល់ឲ្យ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដ៏មាន តម្លាភាពនិងនិរន្តរភាព ផ្ទុយទៅនឹងការអនុវត្តប្រកបដោយ ការរើសអើងនិងស្រអាប់”។

“យើងជំរុញប្រទេសស្រីលង្កាឲ្យបង្កើតការសម្រេចចិត្តដ៏លំបាក ប៉ុន្តែចាំបាច់ដើម្បីធានា ដល់ភាពឯករាជ្យសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់វិបុលភាព រយៈពេលវែង”៕
ប្រែសម្រួល៖ប៉ាង កុង

To Top