ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីនៅវៀតណាម កើនឡើងដល់១៣០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា គណៈកម្មាធិការកណ្តាលត្រួតពិនិត្យ និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះទឹកជំនន់ និងគ្រោះបាក់ដី និងគ្រោះធម្មជាតិ ដ៏អាក្រក់ផ្សេងៗទៀត បានបង្កឲ្យមានភ្លៀងធ្លាក់ចុះ យ៉ាងខ្លាំង នៅភាគកណ្តាលប្រទេសវៀតណាម និងតំបន់ខ្ពស់រាបកណ្តាល ចាប់តាំងពីដើមខែតុលា ដែលបណ្តាលឲ្យស្លាប់មនុស្ស កើនឡើងដល់១៣០នាក់ ជាមួយគ្នានេះដែរ មានអ្នកបាត់ខ្លួនចំនួន១៨នាក់ ។

គណៈកម្មាធិការបានចេញរបាយការណ៍ ចុងក្រោយថា អ្នកស្លាប់បានកើនឡើងពី១៩៩ដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍ ហើយរបាយការណ៍ ដែលសំខាន់នោះ គឺនៅក្នុងខេត្ត Quang Tri, Thua Thien Hue និងQuang Nam ។

គណៈកម្មាធិការបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ផ្ទៃដីស្រែប្រមាណ១.៥០០ហិកតា និងផ្ទៃដីដាំដំណាំជាង៧.៨០០ហិកតា បានរងការជន់លិច ឬដូចខាតដោយគ្រោះទឹកជំនន់ ។

គណៈកម្មាធិការបានឲ្យដឹងថា គ្រោះធម្មជាតិ ក៏បានបង្កជាគ្រោះបាក់ដី និងបង្កការកកស្ទះចរាចរណ៍ នៅលើផ្លូវធំៗជាច្រើន និងផ្លូវក្នុងតំបន់ជាច្រើនខ្សែ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top