ព័ត៌មានអន្តរជាតិ

ក្រុមបាតុករ ស្មោះស្ម័គ្រនឹងរាជានិយម សន្យាជាមួយទូតអាល្លឺម៉ង់ថា នឹងចាកចេញ មុនពេលក្រុមប្រឆាំងរដ្ឋាភិបាលមកដល់

បរទេស៖ ក្រុមបាតុករ ដែលជាអ្នកការពាររាជានិយម បានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតអាល្លឺម៉ង់ ក្នុងទីក្រុងបាងកក នៅថ្ងៃច័ន្ទ មុនការប្រមូលផ្តុំដ៏ធំមួយ របស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។

យោងតាមសារព័ត៌មាន BangkokPost ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមប្រជាជនស្លៀកពាក់ពណ៌លឿង នៅខាងក្រៅស្ថានទូតនៅលើផ្លូវ សាថន។ ពួកគេបានស្រែកថា “ជ័យយោ ព្រះមហាក្សត្រ” ហើយកាន់បដា ដែលមានសារគាំទ្ររាជានិយម។ ពួកគេក៏បានដាក់លិខិត ទៅមន្រ្តីពីស្ថានទូតផងដែរ។

លោក Nititorn Lumlua មេធាវី ដែលបានអំពាវនាវ ឱ្យប្រជាជនប្រមូលផ្តុំ នៅស្ថានទូតបាននិយាយថា ពួកគេសង្ឃឹមថាអាជ្ញាធរអាល្លឺម៉ង់ នឹងទទួលបានព័ត៌មានត្រឹមត្រូវ អំពីស្ថានភាពនយោបាយ នៅប្រទេសថៃ។ លោកបានសន្យាថា ក្រុមរាជានិយមនឹងចាកចេញ មុនពេលក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលមកដល់។

សូមជម្រាបថា ចំពោះចលនាប្រឆាំងរដ្ឋាភិបាល គឺបានកំណត់ចំណុចប្រសព្វ Samyan ជាចំណុចប្រមូលផ្តុំរបស់ពួកគេ ដើម្បីចាប់ផ្តើមដង្ហែក្បួន ទៅកាន់ស្ថានទូតអាល្លឺម៉ង់។ ពួកគេមានបំណង បង្ហាញស្ថានទូតនូវញត្តិ ស្នើសុំអាជ្ញាធរអាល្លឺម៉ង់ពិនិត្យមើល ថាតើព្រះមហាក្សត្រ បានរំលោភអធិបតេយ្យភាពអាល្លឺម៉ង់ ដោយប្រើអំណាចរបស់ព្រះអង្គ នៅលើទឹកដីអាល្លឺម៉ង់ដែរឬទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top