បរទេស៖ ក្រុមអាវលឿង បានប្រមូលផ្តុំគ្នានៅឧទ្យាន Lumpini ក្នុងទីក្រុងបាងកក កាលពីរសៀលថ្ងៃអង្គារ ដើម្បីបង្ហាញ ការគាំទ្រ ដល់ស្ថាប័នរាជវង្ស ។ ប្រជាជនដែលស្លៀកសម្លៀក បំពាក់ពណ៌លឿង បានចាប់ផ្តើមប្រមូលផ្តុំគ្នា នៅសួនសាធារណៈប្រហែលម៉ោង ៤ រសៀល ។ អ្នកខ្លះកាន់រូបថតព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស និងទង់ជាតិ ដើម្បីបង្ហាញការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការការពារ រាជានិយមនិងប្រទេសជាតិ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សជាច្រើន នៅតែបន្តស្រែកថា «យើងស្រឡាញ់ព្រះមហាក្សត្រ, ជ័យយោព្រះមហាក្សត្រ»។ ពួកគេក៏បានទាមទារឱ្យក្រុមអ្នកតវ៉ាប្រឆាំង រដ្ឋាភិបាល បញ្ឈប់ការវាយប្រហារចោទ ប្រកាន់ទៅលើស្ថាប័នរាជវង្ស។
លោកស្រី Taya Teepsuwan ដែលជាសមាជិកស្នូល នៃអតីតគណៈកម្មាធិការកែទម្រង់លទ្ធិប្រជាធិបតេយ្យប្រជាជន និងជាភរិយា របស់រដ្ឋមន្រ្តីក្រសួងអប់រំថៃ កាលពីថ្ងៃអាទិត្យបានសរសេរ នៅលើទំព័រហ្វេសប៊ុក របស់លោកស្រីដោយស្នើសុំឱ្យប្រជាជន ពាក់អាវលឿងនិងជួបជុំគ្នា នៅខាងមុខសួនច្បារ នៅម៉ោង ៥ ល្ងាចថ្ងៃអង្គារ ជានិមិត្តរូប នៃការគាំទ្រដល់រាជាធិបតេយ្យ ៕
ប្រែសម្រួលៈ ណៃ តុលា